ធ្វើជាកូនរបស់ព្រះជារៀងរហូត
ក្នុងអំឡុងពេលនៃការថ្វាយបង្គំ ដែលខ្ញុំបានចូលរួម ជាមួយឪពុកម្តាយខ្ញុំ យើងបានកាន់ដៃគ្នា តាមទម្លាប់ជាធម្មតា ខណៈពេលដែលយើងសូត្រសេចក្តីអធិស្ឋាននៃព្រះអម្ចាស់ទាំងអស់គ្នា។ ពេលដែលខ្ញុំកំពុងតែឈរ ដោយដៃម្ខាងកាន់ដៃម្តាយរបស់ខ្ញុំ ហើយម្ខាងទៀតកាន់ដៃឪពុកខ្ញុំ ខ្ញុំក៏បាននឹកគិតថា ខ្ញុំនឹងធ្វើជាកូនស្រីរបស់ពួកគាត់ជារៀងរហូត។ ទោះបីជាខ្ញុំបានចូលដល់វ័យកណ្តាលហើយក្តី គេនៅតែអាចហៅខ្ញុំថា “កូនរបស់លោកលេអូ និងអ្នកស្រីហ្វ៊ីលីស”។ ខ្ញុំក៏បាននឹកចាំថា ខ្ញុំមិនគ្រាន់តែជាកូនស្រីរបស់ពួកគាត់ប៉ុណ្ណោះទេ តែក៏នឹងធ្វើជាកូនរបស់ព្រះជារៀងរហូតផងដែរ។
សាវ័កប៉ុលចង់ឲ្យពួកជំនុំ នៅទីក្រុងរ៉ូមដឹងថា ពួកគេមានអត្តសញ្ញាណជាកូន ដែលព្រះទ្រង់ទទួលចិញ្ចឹម ក្នុងមហាគ្រួសាររបស់ទ្រង់(រ៉ូម ៨:១៥)។ ដោយសារពួកគេបានកើតពីព្រះវិញ្ញាណ(ខ.១៤) នោះពួកគេមិនចាំបាច់ត្រូវរស់នៅជាទាសករនៃការអ្វីដែលគ្មានប្រយោជន៍ពិតប្រាកដនោះឡើយ។ ផ្ទុយទៅវិញ តាមរយៈអំណោយទាននៃព្រះវិញ្ញាណ ពួកគេបានធ្វើជា “អ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទ”(ខ.១៧)។
សម្រាប់អ្នកដែលដើរតាមព្រះគ្រីស្ទ តើការស្គាល់អត្តសញ្ញាណដ៏ពិតនេះ នាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ? គឺនឹងនាំឲ្យផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ អត្តសញ្ញាណដែលយើងមាន ក្នុងនាមជាកូនរបស់ព្រះ ផ្តល់ឲ្យយើងនូវមូលដ្ឋានគ្រឹះ និងផ្លាស់ប្តូរទស្សនៈដែលយើងមានចំពោះខ្លួនឯង និងចំពោះព្រះជាម្ចាស់។ ឧទាហរណ៍ ពេលយើងដឹងថា យើងជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ យើងនឹងស្ម័គ្រចិត្តបោះជំហានចេញពីភាពស្រណុកស្រួលរបស់យើង ខណៈពេលដែលយើងដើរតាមទ្រង់។ យើងក៏នឹងមានសេរីភាព រួចផុតពីការស្វែងរកការសរសើរពីអ្នកដទៃ។
នៅថ្ងៃនេះ សូមយើងជញ្ជឹងគិត អំពីអត្ថន័យនៃការធ្វើជាកូនព្រះចុះ។—AMY BOUCHER PYE
បទចម្រៀងរបស់ស្នាព្រះហស្តទ្រង់
ពេលដែលអ្នកវិទ្យាសាស្រ្តប្រើតារាសាស្ត្រតន្រ្តី ពួកគេអាចសង្កេតមើល និងស្តាប់សម្លេង និងចង្វាក់នៃអវកាស។ ពួកគេបានរកឃើញថា ផ្កាយមិនបានវិលជុំវិញ តាមគន្លង ដោយភាពស្ងាត់ស្ងៀម ក្នុងផ្ទៃមេឃដ៏អាថ៌កំបាំងនៅពេលរាត្រីនោះឡើយ តែផ្ទុយទៅវិញ ពួកវាបានបង្កើតឲ្យមានតន្រ្តី។ សម្លេងដ៏តូចឆ្មាដែលផ្កាយបញ្ចេញ មានរលកសម្លេង ឬប្រេកង់ ដែលត្រចៀករបស់មនុស្ស មិនអាចស្តាប់ឮបាន គឺមិនខុសពីសម្លេងដែលសត្វត្រីបាឡែនបូកខ្នងបញ្ចេញនោះឡើយ។ តែតន្រ្តីរបស់ផ្កាយ និងត្រីបាឡែន និងសត្វផ្សេងទៀតបានផ្សំគ្នា បង្កើតជាបទភ្លេង ដែលប្រកាស់អំពីភាពអស្ចារ្យនៃព្រះជាម្ចាស់។
ទំនុកដំកើង ១៩:១-៤ បានចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ ប៉ុន្តែ ដំណឹងដែលរបស់ទាំងនោះផ្សាយមក
ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្តីនោះបានឮទៅដល់ទីបំផុតលោកីយ៍”។
ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលបានបង្ហាញថា ព្រះយេស៊ូវបាន “បង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង” (កូល៉ុស ១:១៦)។ ស្នាព្រះហស្តទ្រង់ទាំងអស់ នៅទីខ្ពស់បំផុត និងទីមានជម្រៅបំផុត ក៏បានច្រៀងថ្វាយព្រះ ដែលបានបង្កើតខ្លួនមក។ ចូរយើងចូលរួមជាមួយស្នាព្រះហស្តទ្រង់…
ទិសដៅនៃជីវិត
តើមានអ្វីកំណត់ទិសដៅនៃជីវិតរបស់យើង? ខ្ញុំធ្លាប់ឮគេឆ្លើយសំណួរនេះ នៅកន្លែងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺនៅកន្លែងបង្រៀនបើកបរម៉ូតូ។ ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំខ្លះ ចង់ជិះម៉ូតូ ដូចនេះ យើងក៏បានទៅរៀនបើកបរម៉ូតូ។ ការហ្វឹកហាត់របស់យើងមានផ្នែកមួយ ដែលបង្រៀនយើងឲ្យផ្តោតទៅលើគោលដៅ។
គ្រូបង្វឹករបស់យើងមានប្រសាសន៍ថា “នៅពេលណាមួយ អ្នកនឹងប្រឈមមុខនឹងឧបស័គ្គ ដែលមិនបានរំពឹងទុក។ បើអ្នកសម្លឹងមើលវាមិនដាក់ភ្នែក ហើយផ្តោតទៅលើវា នោះអ្នកនឹងកាច់ចង្កូតម៉ូតូ ទៅបុកវាមិនខាន។ ប៉ុន្តែ បើអ្នកងាកចេញពីវា ហើយបើកបង្ហួសវា ទៅរកគោលដៅ ដែលអ្នកត្រូវទៅឲ្យដល់ នោះតាមធម្មតា អ្នកអាចជៀសវារួច”។ បន្ទាប់មក គាត់ក៏បាននិយាយបន្ថែមថា “ទីកន្លែងដែលអ្នកសម្លឹងឆ្ពោះទៅរក គឺជាទិសដៅ ដែលអ្នកកំពុងតែទៅ”។
នេះជាគោលការណ៍ដ៏សាមញ្ញ តែសំខាន់ ដែលយើងត្រូវប្រើ ក្នុងជីវិតខាងវិញ្ញាណផងដែរ។ ពេលណាយើង “ផ្តោតទៅលើឧបសគ្គ” ដែលជាបញ្ហា ឬជាទុក្ខលំបាករបស់យើង នោះការរស់នៅរបស់យើង ក៏នៅតែក្រវែលជុំវិញឧបស័គ្គនោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យមើលរំលងបញ្ហារបស់យើង ហើយផ្តោតទៅរកព្រះជាម្ចាស់ ដែលទ្រង់អាចជួយដោះស្រាយបញ្ហាទាំងនោះ។ បទគម្ពីរទំនុកដំកើង ១២១:១ បានចែងថា “ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា?” អ្នកនិពន្ធទំនុកដំកើងនេះ ក៏បានឆ្លើយថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី … ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ”(ខ.២,៨)។
ជួនកាល…
សម្រស់នៃសេចក្តីស្រឡាញ់
របាំយ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺជារបាំមួករបស់ប្រជាជនមិចស៊ីកូ ដែលអបអរសាទរសេចក្តីស្នេហាររបស់គូរស្នេហ៍។ ក្នុងអំឡុងពេលនៃការរាំដ៏រស់រវើក មនុស្សប្រុសបានដាក់មួករបស់ខ្លួនដែលមានហាមធំ នៅលើដី។ នៅចុងបញ្ចប់នៃការរាំ ស្រ្តីដែលជាដៃគូរាំក៏បានរើសមួកនោះឡើង ហើយអ្នកទាំងពីរក៏បានលាក់មុខនៅពីក្រោយមួកនោះ ដើម្បីបញ្ជាក់សេចក្តីស្នេហារបស់ពួកគេ ដោយការថើប។
របាំនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃភាពស្មោះត្រង់ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ បទគម្ពីរសុភាសិត ជំពូក៥ បានចែងអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃអំពើអសីលធម៌ ជាពិសេសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ។ ខ.១៥ បានចែងថា “ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ”។ បទគម្ពីរនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នករាំរបាំយ៉ារ៉ាបេ នៅលើវេទិកា។ ទោះអ្នករាំមានគ្នា១០គូក៏ដោយ ក៏អ្នករាំម្នាក់ៗបានផ្តោតចិត្ត ទៅលើដៃគូរបស់ខ្លួនតែប៉ុណ្ណោះ។ បានសេចក្តីថា អ្នកដែលមានប្តី ឬប្រពន្ធ អាចអរសប្បាយ នៅក្នុងការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ និងមិនអាចបំបែកបាន ចំពោះប្តីប្រពន្ធរបស់ខ្លួន(ខ.១៨)។
អ្នកដទៃកំពុងតែសង្កេតមើលទំនាក់ទំនងស្នេហារបស់ប្តីនិងប្រពន្ធ។ គឺមិនខុសពីអ្នករាំរបាំនោះ ដែលដឹងថា អ្នកដទៃកំពុងតែមើលមកពួកគេ ខណៈពេលដែលពួកគេកំពុងតែរីករាយ ក្នុងការរាំជាមួយដៃគូរបស់ខ្លួន។ ខ.២១ បានចែងថា “អស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ”(ខ.២១)។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងការពារទំនាក់ទំនងប្តីប្រពន្ធ ហេតុនេះហើយទ្រង់តែងតែទតមើលប្តីប្រពន្ធរាល់គូ។ សូមឲ្យប្តីប្រពន្ធម្នាក់ៗ ធ្វើឲ្យព្រះទ្រង់គាប់ព្រះទ័យ តាមរយៈភាពស្មោះត្រង់ ដែលពួកគេបានបង្ហាញចំពោះគ្នាទៅវិញទៅមក។
ជីវិតរបស់យើងមានការផ្លាស់ប្តូរ តាមចង្វាក់ គឺមិនខុសពីរបាំយ៉ារ៉ាបេឡើយ។ ពេលដែលយើងដើរតាមចង្វាក់ ដែលព្រះអាទិករយើងបានដាក់ឲ្យ…
ការថ្វាយបង្គំ ដោយទូលសួរ
វាមិនមែនជារឿងចម្លែកទេ ដែលក្នុងអំឡុងពេលនៃការធ្វើដំណើរ មានអ្នកដំណើរណាម្នាក់ ចោទសួរថា “តើយើងទៅដល់ហើយឬនៅ?” ឬសួរថា “តើនៅយូរប៉ុណ្ណាទៀត ទើបទៅដល់?” តើនរណា ដែលមិនធ្លាប់ឮសំណួរដ៏សាមញ្ញនេះ ចេញពីបបូរមាត់ក្មេង ឬមនុស្សធំ ដែលអន្ទះសារចង់ឲ្យឆាប់ទៅដល់គោលដៅ? ប៉ុន្តែ មនុស្សគ្រប់វ័យសុទ្ធតែងាយនឹងសួរសំណួរដូចនេះដែរ ពេលដែលពួកគេជួបប្រទះបញ្ហា ដែលហាក់ដូចជាមិនចេះចប់មិនចេះហើយ។
ជាក់ស្តែងក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៣ យើងឃើញថា ស្តេចដាវីឌ បានចោទនូវសំណួរដូចនេះ។ ក្នុងខគម្ពីរពីរខដំបូង ស្តេចដាវីឌមានអារម្មណ៍ថា ហាក់ដូចជាត្រូវបានគេបំភ្លេចចោល បោះបង់ចោល និងមានអារម្មណ៍ថា បរាជ័យ បានជាទ្រង់ពោលពាក្យទំនួញបួនដងថា “តើដល់កាលណាទៀត?” ក្នុងខ.២ ទ្រង់សួរថា “តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា?” បទគម្ពីរទំនុកដំកើង ដែលមានពោលទំនួញយ៉ាងដូចនេះ គឺបានប្រាប់យើងថា យើងអាចចូលទៅចំពោះព្រះអម្ចាស់ ដើម្បីថ្វាយបង្គំទ្រង់ ដោយទូលសួរទ្រង់ផងដែរ។ សរុបមក ក្នុងអំឡុងពេលដែលមានទុក្ខលំបាក និងការនឿយព្រួយដែលបានអូសបន្លាយពេលដ៏យូរ ព្រះជាម្ចាស់ជាបុគ្គលដ៏ល្អបំផុត ដែលយើងត្រូវថ្លែងប្រាប់គ្រប់រឿង ដែលយើងបានជួបប្រទះ។ យើងអាចទូលថ្វាយទ្រង់ អំពីទុក្ខលំបាក ដោយសារជម្ងឺ ការកាន់ទុក្ខ និងមនុស្សជាទីស្រឡាញ់ដែលបានដើរខុសគន្លង ហើយផ្ទេរបន្ទុកទាំងអស់នេះ ដាច់ដល់ទ្រង់។
ការថ្វាយបង្គំមិនត្រូវអាក់ខាន ដោយសារយើងមានសំណួរ ដែលត្រូវទូលថ្វាយព្រះជាម្ចាស់នោះឡើយ។ ព្រះនៃនគរស្ថានសួគ៌ដែលមានគ្រប់ព្រះចេស្តា តែងតែទទួលស្វាគមន៍ សំណួររបស់យើងដែលមានពេញដោយក្តីកង្វល់។ ហើយទន្ទឹមនឹងនោះ…
ហេតុអ្វីមនុស្សមានការឈឺចាប់ នៅលើផែនដីនេះ?
នេះជាសំណួរដ៏ធំមួយ សម្រាប់យើងរាល់គ្នា។ ក្នុងពិភពលោក ដែលមានពេញដោយការឈឺចាប់ ទុក្ខព្រួយ និងការបាត់បង់ យើងចង់ដឹងថា ហេតុអ្វីមនុស្សមានការឈឺចាប់? តើព្រះជាម្ចាស់មានដំណោះស្រាយអ្វី សម្រាប់បញ្ហានេះ? កូនសៀវភៅនេះនឹងបង្ហាញឲ្យអ្នកបានដឹងថា ព្រះជាម្ចាស់ក៏ធ្លាប់បានឆ្លងកាត់ទុក្ខវេទនា ដោយផ្ទាល់ផងដែរ បានជាទ្រង់អាចប្រទានក្តីសង្ឃឹមដល់យើងរាល់គ្នា ដោយធានាថា យើងនឹងបានទៅនៅកន្លែងថ្មីមួយ នៅពេលអនាគត ដែលគ្មានការឈឺចាប់ ដោយយើងគ្រាន់តែទទួលជឿទ្រង់ប៉ុណ្ណោះ។
សូមបំពេញឈ្មោះ និងemail របស់លោកអ្នក ដើម្បីទាញយកកូនសៀវភៅនេះ ដោយឥតគិតថ្លៃ។
អ្វីដែលអ្នកមិនអាចបោះបង់ចោល?
ថ្ងៃមួយ ពិធីករវិទ្យុបានចោទជាសំណួរថា “តើមានរបស់អ្វីមួយ ដែលអ្នកមិនអាចលះបង់?” ប្រិយមិត្តអ្នកស្តាប់ទាំងឡាយ ក៏បានទូរស័ព្ទចូលមក ដោយនាំមកនូវចម្លើយដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន។ អ្នកខ្លះនិយាយថា ពួកគេមិនអាចលះបង់គ្រួសារ ហើយក្នុងចំណោមនោះ មានបុរសជាស្វាមីម្នាក់បានចែករំលែក អំពីបទពិសោធន៍នៃការបាត់បង់ភរិយារបស់ខ្លួន ដែលបានលាចាកលោកទៅ។ អ្នកខ្លះទៀតបានចែករំលែកថា ពួកគេមិនអាចលះបង់ក្តីស្រមៃរបស់ខ្លួន ដែលមានដូចជា ការស្រមៃចង់មានអាជីពជាតន្ត្រីករ ឬក្លាយជាម្តាយគេជាដើម។ យើងរាល់គ្នាសុទ្ធតែមានអ្វីមួយ ដែលយើងឲ្យតម្លៃយ៉ាងខ្លាំង ដែលមានដូចជា មនុស្ស សេចក្តីប្រាថ្នា ឬរបស់ទ្រព្យអ្វីមួយ ដែលសុទ្ធតែជាអ្វីដែលយើងមិនអាចលះបង់។
ក្នុងកណ្ឌគម្ពីរហូសេ ព្រះជាម្ចាស់បានប្រាប់យើងថា ទ្រង់នឹងមិនបោះបង់ប្រជាជនអ៊ីស្រាអែល ដែលជារាស្រ្តជ្រើសតាំង និងទ្រព្យដ៏មានតម្លៃរបស់ទ្រង់នោះឡើយ។ ក្នុងនាមទ្រង់ជាស្វាមីដែលមានក្តីស្រឡាញ់របស់រាស្រ្តអ៊ីស្រាអែល ទ្រង់បានប្រទានពួកគេ នូវអ្វីៗដែលពួកគេត្រូវការ ដែលមានដូចជា ទឹកដី អាហារ ទឹក សំលៀកបំពាក់ និងសេចក្តីសុខសាន្តជាដើម។ តែរាស្រ្តអ៊ីស្រាអែលចេះតែបដិសេធទ្រង់ ហើយស្វែងរកសុភមង្គល និងសេចក្តីសុខរបស់ខ្លួន ជាមួយព្រះដទៃ ដូចជាប្រពន្ធដែលផឹតក្បត់។ ពេលដែលព្រះអម្ចាស់តាមរកពួកគេកាន់តែខ្លាំង នោះពួកគេក៏បានរសាត់ទៅកាន់តែឆ្ងាយពីទ្រង់(ហូសេ ១១:២)។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់នៅតែមិនបោះបង់ពួកគេចោល ទោះពួកគេបានធ្វើឲ្យព្រះទ័យទ្រង់ឈឺចាប់យ៉ាងណាក៏ដោយ(ខ.៨)។ ទ្រង់នឹងបន្តវាយផ្ចាល់រាស្រ្តអ៊ីស្រាអែល ដើម្បីប្រោសលោះពួកគេ ដ្បិតទ្រង់នៅតែមានព្រះទ័យចង់ផ្សះផ្សាទំនាក់ទំនងជាមួយពួកគេឡើងវិញ(ខ.១១)។
សព្វថ្ងៃនេះ កូនរបស់ព្រះ សុទ្ធតែអាចមានការធានាថា សេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង ជាសេចក្តីស្រឡាញ់ដែលនឹងមិនដែលបោះបង់យើងចោលឡើយ(រ៉ូម ៨:៣៧-៣៩)។ បើយើងវង្វេងចេញពីទ្រង់…
ការចែករំលែកលើសពីសម្ភារៈ
មានពេលមួយខ្ញុំបានប្រាប់កូនប្រុសពៅរបស់ខ្ញុំ ឲ្យចែករំលែករបស់លេងជាមួយអ្នកដទៃ។ គាត់ក៏បានប្រកែកថា គាត់មិនចង់ចែករំលែកទេ។ ពេលនោះ គាត់មានការពិបាកក្នុងចិត្ត ព្រោះគាត់មិនចង់ឲ្យបំណែកដ៏តូចណាមួយនៃគ្រឿងសង់ផ្ទះរបស់គាត់ ត្រូវបែកចេញពីគាត់នោះទេ។ ខ្ញុំក៏បានគិតដល់ភាពមិនទាន់ពេញវ័យរបស់គាត់ ប៉ុន្តែ តាមពិត មិនមែនមានតែក្មេងៗទេ ដែលមានអាកប្បកិរិយាដូចនេះ។ តើក្នុងមួយជីវិតរបស់ខ្ញុំ ដែលជាមនុស្ស មានពេលណាខ្លះ ដែលខ្ញុំបដិសេធន៍មិនព្រមចែករំលែកដល់អ្នកដទៃ ដោយចិត្តជ្រះថ្លា និងសប្បុរស?
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ទ្រង់បានត្រាស់ហៅយើង ឲ្យចែករំលែកជីវិតយើង ដល់គ្នាទៅវិញទៅមក។ គឺដូចដែលនាងរស់ បានធ្វើសម្រាប់នាងណាអូមី ដែលជាម្តាយក្មេករបស់នាង។ ក្នុងនាមជាស្រ្តីមេម៉ាយទាល់ក្រ នាងណាអូមីគ្មានរបស់អ្វី សម្រាប់ផ្តល់ឲ្យនាងរស់ឡើយ។ ប៉ុន្តែ នាងរស់បានតភ្ជាប់ជីវិតរបស់ខ្លួន ជាមួយនឹងម្តាយក្មេក ដោយសន្យាថា ពួកគេនឹងបន្តតស៊ូជាមួយគ្នាទៀត ហើយសូម្បីតែសេចក្តីស្លាប់ក៏មិនអាចបំបែកពួកគេបានឡើយ។ គឺដូចដែលនាងរស់បាននិយាយទៅកាន់នាងណាអូមីថា “សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ”(នាងរស់ ១:១៦)។ នាងក៏បានធ្វើការចែករំលែកដោយចិត្តជ្រះថ្លា និងសប្បុរស ដល់ស្រ្តីដែលមានវ័យចំណាស់ជាងនាង ដោយបង្ហាញសេចក្តីស្រឡាញ់ និងក្តីអាណឹត។
ការចែករំលែកជីវិតរបស់យើង តាមរបៀបនេះ អាចមានការពិបាក ប៉ុន្តែ យើងត្រូវចាំថា យើងនឹងទទួលបាននូវផលផ្លែដ៏មានតម្លៃ ពីអំពើសប្បុរសយ៉ាងដូចនេះ។ នាងរស់បានចែករំលែកជីវិតរបស់ខ្លួន ដល់នាងណាអូមី ប៉ុន្តែ ក្រោយមក នាងមានកូនប្រុសម្នាក់ ដែលជាជីតារបស់ស្តេចដាវីឌ។ ព្រះយេស៊ូវបានចែករំលែកជីវិតទ្រង់ជាមួយយើង ប៉ុន្តែ ក្រោយមក…
បទចម្រៀងនៅពេលយប់
ឪពុករបស់ខ្ញុំបានរស់នៅ ក្នុងជីវិតមួយ ដែលមានសេចក្តីប្រាថ្នាជាច្រើន។ គាត់ចង់បានភាពពេញលេញ សូម្បីតែនៅពេលដែលជម្ងឺប៉ាគីនសុនបានធ្វើឲ្យមានភាពពិការបន្តិចម្តងៗ នៅក្នុងគំនិត និងរូបកាយគាត់ក៏ដោយ។ គាត់ប្រាថ្នាចង់បានសន្តិភាព នៅពេលដែលគាត់កំពុងតែជួបការឈឺចាប់ ដោយសារជម្ងឺធ្លាក់ទឹកចិត្ត។ គាត់ចង់ទទួលសេចក្តីស្រឡាញ់ និងការឲ្យតម្លៃពីអ្នកដទៃ ប៉ុន្តែ ជាញឹកញាប់ គាត់បានជួបភាពឯកោជាញឹកញាប់។
គាត់មានអារម្មណ៍ថា គាត់មានភាពឯកោតិចជាងមុន ពេលដែលគាត់អានបទគម្ពីរ ទំនុកដំកើង ជំពូក៤២ ដែលជាបទគម្ពីរទំនុកដំកើងដែលគាត់ចូលចិត្តជាងគេ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងនេះ ក៏មានចិត្តស្រេកឃ្លានចង់បានការប្រោសឲ្យជា ដូចគាត់ផងដែរ(ខ.១-២)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងក៏ធ្លាប់ជួបទុក្ខព្រួយ ដែលហាក់ដូចជាមិនដែលបាត់ទៅណា(ខ.៣) ធ្វើឲ្យក្តីអំណរមានតែនៅក្នុងការចងចាំដ៏យូរ(ខ.៦)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់មានអារម្មណ៍ថា ព្រះជាម្ចាស់បានបោះបង់ចោលគាត់ និងបានទូលសួរទ្រង់ថា “ហេតុអ្វី?”(ខ.៩) ពេលដែលភាពជ្រួលច្របល់ និងការឈឺចាប់បានកើតមានជាបន្តបន្ទាប់(ខ.៧)។
ហើយព្រះបន្ទូលក្នុងបទគម្ពីរទំនុកដំកើង បានបក់មកលើគាត់ ដោយធានាថា គាត់មិនឯកោទេ ហើយឪពុកខ្ញុំក៏បានមានអារម្មណ៍ថា សន្តិភាពដ៏ស្ងាត់ស្ងៀមបានចាប់ផ្តើមមាន ក្នុងពេលដែលគាត់ឈឺចាប់។ គាត់ក៏បានស្តាប់ឮសម្លេងដ៏ស្រទន់នៅជុំវិញខ្លួនគាត់ គឺសម្លេងដែលធានាគាត់ថា ព្រះជាម្ចាស់នៅតែស្រឡាញ់គាត់យ៉ាងខ្លាំងជានិច្ច(ខ.៨) ទោះបីជាគាត់គ្មានចម្លើយ ទោះរលកនៃបញ្ហានៅតែបក់បោកមកលើគាត់ក្តី។
ពេលនោះ គាត់មានការស្កប់ចិត្ត ពេលដែលបានស្តាប់សំនៀងនៃសេចក្តីស្រឡាញ់ ក្នុងបទគម្ពីរទំនុកដំកើងនោះ នៅពេលយប់។ គឺមានចិត្តស្កប់ស្កល់ល្មមនឹងបន្តតោងជាប់សេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងក្តីអំណរដែលបានកើនឡើង។ ហើយល្មមនឹងឲ្យគាត់ រង់ចាំដោយចិត្តអត់ធ្មត់ ចំពោះថ្ងៃដែលគាត់នឹងលែងស្រេកឃ្លានតទៅទៀត(ខ.៥,១១)។—MONICA BRANDS
គ្រឹះដ៏រឹងមាំ នៃសេចក្តីសង្ឃឹម
ខ្ញុំមានសត្វឆ្កែមួយក្បាល ឈ្មោះ “ប៊ែរ” ជាពូជសត្វឆ្កែប្រមាញ់ឡាប្រាដូ ដែលមានទម្ងន់ជាង៥០គីឡូក្រាម។ ខ្ញុំបានដាក់ទឹកឲ្យវាផឹក នៅក្នុងចានដែកដ៏ធំមួយ នៅកៀនជ្រុងជញ្ជាំងផ្ទះបាយ។ ពេលណាទឹកក្នុងចានរីងអស់ វាមិនបានព្រុស ឬយកជើងទៅកាយចានដែកនោះទេ។ ផ្ទុយទៅវិញ វាផ្តេកខ្លួន និងរង់ចាំយ៉ាងស្ងាត់ស្ងៀម នៅក្បែរចានដែកនោះ។ ជួនកាល វាត្រូវរង់ចាំជាច្រើននាទី ប៉ុន្តែ វាបានរៀនទុកចិត្តថា ខ្ញុំនឹងដើរចូលក្នុងផ្ទះបាយ ឃើញវានៅទីនោះ ហើយផ្តល់ឲ្យវានូវអ្វីដែលវាត្រូវការជាមិនខាន។ ជំនឿដ៏សាមញ្ញដែលវាមានចំពោះខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំត្រូវទុកចិត្តព្រះកាន់តែខ្លាំង។ នេះជាមេរៀនអំពីសេចក្តីជំនឿដ៏ប្រសើរ ដែលខ្ញុំអាចរកបាន ពីកន្លែងដែលខ្ញុំមិននឹកស្មានដល់។
ព្រះគម្ពីរបានចែងថា “សេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”(ហេព្រើរ ១១:១)។ ព្រះជាម្ចាស់ គឺជាគ្រឹះនៃការទុកចិត្ត និងការដឹងជាក់ ហើយទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកដែលស្វែងរកទ្រង់ អស់ពីចិត្ត(ខ.៦)។ ព្រះជាម្ចាស់ មានព្រះទ័យស្មោះត្រង់ ចំពោះព្រះបន្ទូលសន្យា ដែលទ្រង់ប្រទានដល់អ្នកដែលជឿ និងចូលមករកទ្រង់ តាមរយៈព្រះយេស៊ូវ។
ជួនកាល ការមានជំនឿ នៅក្នុង “ការអ្វី ដែលយើងមើលមិនឃើញ” គឺមិនមែនជាការងាយទេ។ ប៉ុន្តែ យើងអាចសម្រាក ដោយទុកចិត្តចំពោះសេចក្តីល្អ និងចរិយាសម្បត្តិដែលមានក្តីស្រឡាញ់របស់ទ្រង់ ដោយទុកចិត្តថា ប្រាជ្ញាទ្រង់ មានភាពល្អឥតខ្ចោះ ក្នុងគ្រប់ការទាំងអស់ សូម្បីតែនៅពេលដែលយើងត្រូវរង់ចាំទ្រង់ឆ្លើយតបក៏ដោយ។…